អាំង ជូលាន
អាំង ជូលាន ជានរវិទូខ្មែរមួយរូប ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនរវិទ្យាពីប្រទេសបារាំងនៅឆ្នាំ១៩៨២។ លោកសាស្ត្រាចារ្យ កើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៤៩ នៅកំពង់ឃ្លាំង ខេត្តសៀមរាប។ លោកជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាអតីតប្រធាននាយកដ្ឋានវប្បធម៌នៃអាជ្ញាធរអប្សរា។
កិច្ចសម្ភាសន៍រវាងវិទ្យុអាស៊ីសេរី និងលោកសាស្ត្រាចារ្យអាំង ជូលាន ដែលទទួលរង្វាន់ Fukuoka Prize នៅក្នុងឆ្នាំ២០១១
[កែប្រែ][១]នរវិទូខ្មែរ ១ រូប ទទួលបានពានរង្វាន់ឆ្នើម ហ៊្វូគូអូកា ពីប្រទេសជប៉ុន
នៅក្នុងជីវិតមនុស្សម្នាក់ៗ តែងបានធ្វើនូវអ្វីដែលជាប្រយោជន៍សម្រាប់ផ្ទាល់ខ្លួន និងជាប្រយោជន៍សម្រាប់សង្គម ឬមនុស្សផងទាំងពួង ទោះតិចឬច្រើន។ កាលបើនរណាម្នាក់បានលះបង់ ឬធ្វើបានច្រើន ដើម្បីជាប្រយោជន៍សម្រាប់មនុស្សទូទៅ មិនយូរមិនឆាប់ អ្នកនោះនឹងទទួលបាននូវការគោរពសរសើរពីអ្នកដទៃ។ យ៉ាងណាមិញ តាមរយៈការខិតខំព្យាយាមនិងពុះពារក្នុងវិជ្ជាជីវៈនរវិទូ ឬអ្នកសិក្សាវិជ្ជាទាក់ទងនឹងវិវត្តន៍នៃមនុស្ស ខ្មែរមួយរូបទទួលបានពាន់រង្វាន់ឆ្នើម (Grand Prize) ពីប្រទេសជប៉ុន ក្នុងការស្រាវជ្រាវ។
នរវិទូ ឬអ្នកសិក្សាវិជ្ជាទាក់ទងនឹងការវិវត្តន៍នៃមនុស្ស ដែលកំពុងតែផ្ទេរចំណេះដឹងដល់កូនខ្មែរនិងកំពុងតែបន្តធ្វើការស្រាវជ្រាវផ្នែកវប្បធម៌ខ្មែរ បានឈ្នះជាជ័យលាភីពានរង្វាន់ឆ្នើម ក្នុងចំណោមជ័យលាភីពានរង្វាន់ ៣រូប ដែលត្រូវបានគេជ្រើសចេញពីបេក្ខភាពចំនួនជាង ២០០ នាក់ នោះគឺលោក បណ្ឌិត អាំង ជូលាន។
លោក អាំង ជូលាន បច្ចុប្បន្នជាអ្នកស្រាវជ្រាវផង និងជាសាស្ត្រាចារ្យផ្នែកសិលាចារឹកបុរាណខ្មែរនៅមហាវិទ្យាល័យបុរាណវិទ្យាផង។
លោកបានឈ្នះពាន់រង្វាន់លំដាប់ថ្នាក់លេខ១ (Grand Prize) ផ្នែកស្រាវជ្រាវ ក្នុងចំណោមជយលាភី ៣រូប ដោយពានរង្វាន់ពីរទៀតបានទៅជនជាតិកូរ៉េខាងត្បូងនិងជនជាតិអាល្លឺម៉ង់ ហើយជយលាភីទាំងបីត្រូវបានគេជ្រើសរើសចេញពីក្នុងចំណោមបេក្ខជនជាង ២៥០នាក់ ៖ «គេសម្លឹងមើលមក អានេះខ្ញុំនិយាយតាមសុន្ទរកថាគេនិយាយអំពីខ្ញុំទេដែលខ្ញុំនិយាយនេះណា៎ គឺថា ការងារដែលខ្ញុំបានធ្វើមកវាលើសពី ដូចថាវាមិនមែនសំឡេងមកលើតែប្រយោជន៍ផ្ទាល់ខ្លួន ។ ឧទាហរណ៍ថាអាជ្ញាធរអប្សរា ដែលមាននាទីគ្រប់គ្រងតំបន់អង្គរអីនេះ គឺកើតឡើងជាផ្លូវការនៅឆ្នាំ១៩៩៥។ ណា៎ អាហ្នឹងអាជ្ញាធរអប្សរា ប៉ុន្តែចំណែកខ្ញុំនេះមកជួយរៀបចំអាជ្ញាធរអប្សរាតាំងពីមិនទាន់មាន តាំងពីប្រហែលឆ្នាំ១៩៩៣មក ហើយដល់ឆ្នាំ៩៥កើតមានឡើងក៏ខ្ញុំជួយធ្វើការអី បំពេញការងារនៅក្នុងហ្នឹងបានច្រើនឆ្នាំដែរ» ។
លោក បណ្ឌិត អាំង ជូលាន កើតនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៤៩ នៅភូមិកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ លោក បណ្ឌិត អាំង ជូលាន មានប្រសាសន៍ថា ឪពុករបស់លោកដែលជាអ្នកចេះដឹងម្នាក់ បានបម្រើការងាររាជការខ្លះ ហើយប្រកបរបរទទួលទានជាលក្ខណៈឯកជនច្រើនជាង។ រីឯម្ដាយរបស់លោកជាស្ត្រីមេផ្ទះ។ ពេលលោកមានអាយុ ៦ឆ្នាំ ប្រហែលក្នុងចន្លោះឆ្នាំ១៩៥៥-១៩៥៦ ក្រុមគ្រួសារឪពុកម្ដាយរបស់លោកបានផ្លាស់មករស់នៅរាជធានីភ្នំពេញ។
លោក អាំង ជូលាន បានបញ្ចប់មធ្យមសិក្សាពីវិទ្យាល័យព្រះស៊ីសុវត្ថិនិងបញ្ចប់ការសិក្សានៅមហាវិទ្យាល័យបុរាណវិទ្យាកាលពីឆ្នាំ១៩៧៤ ហើយលោកក៏ទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសបារាំង ៖ «ខ្ញុំបានជាប់បរិញ្ញាបត្រខាងបុរាណវិទ្យានៅពេលហ្នឹងទៅរដ្ឋាភិបាលបារាំងឆ្នាំហ្នឹងគេឲ្យអាហារូបករណ៍មកស្រុកខ្មែរ ដូចតែពីរទេ ហើយក្នុងហ្នឹងមានខ្ញុំមួយ ហើយក៏ខ្ញុំទៅរៀននៅ ប្រទេសបារាំងទៅណា៎ ហើយពេលដែលខ្ញុំទៅបានប្រហែលកន្លះឆ្នាំហ្នឹង ជាងកន្លះឆ្នាំហ្នឹងក៏ស្រុកយើងធ្លាក់ទៅ ឆ្នាំ៧៥ហ្នឹង»។
លោក បណ្ឌិត អាំង ជូលាន បញ្ជាក់ថា អាហារូបករណ៍ដែលលោកទទួលបាននោះ មានរយៈពេល តែ ៣៣ខែប៉ុណ្ណោះ បន្ទាប់ពីនោះ លោកត្រូវរកមធ្យោបាយដើម្បីបន្តការសិក្សាដោយផ្ទាល់ខ្លួន ៖ «ដូច្នេះទៅខ្ញុំអស់អាហារូបករណ៍ហ្នឹងដូចជាឆ្នាំ៧៧មិនដឹង បាទ៧៧អីហ្នឹងណា៎ ខែណាខ្ញុំភ្លេចហើយ ប៉ុន្តែថា ផុតពីហ្នឹងទៅខ្ញុំក៏ទៅរៀនបណ្ដើរ ធ្វើការកំប៉ិកកំប៉ុកបណ្ដើរ ដើម្បីនឹងចិញ្ចឹមជីវិតផងដើម្បីនឹងបានរៀនផង ។ ដូច្នេះទៅសញ្ញាប័ត្របណ្ឌិតនោះ ដែលខ្ញុំគួរតែបានប្រហែលនៅឆ្នាំ៨០អីហ្នឹងខ្ញុំប្រហែលឆ្នាំ៨២ទាល់តែឆ្នាំ៨២ ព្រោះខ្ញុំវារវល់ធ្វើការរកលុយផងអីផងណា៎បាទ!»។
នៅពេលដែលកម្ពុជាបានធ្វើកំណែទម្រង់នយោបាយបើកចំហក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ លោក អាំង ជួលាន បានវិលត្រឡប់មកមាតុភូមិវិញ ដោយនាំមកជាមួយនូវធនធានចំណេះដឹងដែលលោកមាន ៖ «ហើយទៅ ទាល់តែប្រទេសយើងដូចថាចាប់ផ្ដើមបើកទ្វារតិចៗហើយ មិនទាន់បោះឆ្នោតមិនទាន់អីទេ ខ្ញុំក៏ទៅប្រទេសញឹកញាប់ ហើយទៅនៅរហូតតាំងពីឆ្នាំនែ៎១៩៩៣មក នៅរហូតមកដល់សព្វថ្ងៃនេះវិញបាទ!»។
ជ័យលាភីពានរង្វាន់ឆ្នើម (Grand Prize) លោក បណ្ឌិត អាំង ជូលាន មានប្រសាសន៍ថា អ្វីដែលលោកទទួលបានគឺជាការមើលឃើញនិងការឲ្យតម្លៃពីខាងក្រៅ ដោយរូបលោកមិនបានស្វះស្វែងដាក់ពាក្យសុំចូលរួមប្រកួតប្រជែងឬស្នើសុំបេក្ខភាពអ្វីឡើយ ហើយលោកក៏មិនអះអាងថា រូបលោកមានគុណសម្បត្តិកម្រិតណានោះដែរ ដោយលោកគ្រាន់តែអះអាងថា រូបលោកបានខិតខំពុះពារនៅក្នុងអាជីព ដើម្បីសង្គមខ្មែរនិងមនុស្សជាតិទូទៅ ៖ «សព្វថ្ងៃនេះខ្ញុំបង្រៀនវិជ្ជានែ៎សិលាចារឹកខ្មែរបុរាណនៅមហាវិទ្យាល័យបុរាណវិទ្យាណា៎ ។ ដូចជារឿងអស់ហ្នឹងជាដើមវាមិនមែនជារឿងអីប្រយោជន៍ផ្ទាល់ខ្លួនខ្ញុំទេ ព្រោះខ្ញុំវាគ្មានទាំងក្របខ័ណ្ឌរដ្ឋបាលនឹងគេផង បើនិយាយតាមពិតណា៎ ! ដូច្នេះទៅខ្ញុំវាគ្មានផលប្រយោជន៍នឹង នឹងត្រូវទៅពិបាកអ៊ីចឹង ក៏ប៉ុន្តែខ្ញុំធ្វើ»។
បន្ថែមពីលើការបង្ហាត់បង្រៀនដល់ក្រុមនិស្សិតនៅមហាវិទ្យាល័យ ក្នុងបំណងផ្ទេរឬចែករំលែកជូនចំពោះមនុស្សផងទាំងពួងនូវព័ត៌មាននិងចំណេះដឹងដែលលោកនិងក្រុមការងាររបស់លោកមាន លោក អាំង ជូលាន បានបង្កើតគេហទំព័រមួយបាន ៦ឆ្នាំកន្លងទៅហើយ ហើយគេហទំព័រនោះឈ្មោះថា បណ្ដាញព័ត៌មានវប្បធម៌ខ្មែរ ៖ «ឈ្មោះខ្មែររ៉ឺនេសង់ស៍
(http://www.yosothor.org/yosothor2016/publications/khmerenaissance/content-header.html)។ ខ្ញុំធ្វើជាមួយសហសេវឹកក្មេងៗជាងខ្ញុំ ជួយជ្រោមជ្រែងគ្នា ការងារហ្នឹងវាត្រូវការពេលវេលាច្រើនដែរក្នុងមួយអាទិត្យមួយអាទិត្យៗនោះ។ ធ្វើចេញជាស្អីអ៊ីចឹងៗទៅសុទ្ធតែរឿងដែលវាអត់មានបានជា ជាកម្រៃជាអីមកផ្ទាល់ខ្លួនយើងខ្ញុំម្នាក់ៗនេះទេ គឺថាធ្វើដោយ ដោយយល់ថាវាមានប្រយោជន៍ដល់អ្ហឺ ដល់វប្បធម៌ខ្មែរដល់អីនោះ ព្រោះវ៉ឹបសាយហ្នឹងជាវ៉ឹបសាយវប្បធម៌សុទ្ធ អត់មានរឿងអីក្រៅពីវប្បធម៌ទេ ហើយខ្មែរ ហើយជាពិសេសខ្មែរ។ អាអ៊ីចឹងៗបើគេយកទៅបូកសរុបទៅ បានជាគេឲ្យរង្វាន់ហ្នឹងមកខ្ញុំនោះ។ បាទ! មិនមែនដូចថាខ្ញុំហ្នឹងវាអស្ចារ្យឯណាខាងចំណេះវិជ្ជាសម្បើមលើសគេលើសឯងហ្នឹងអត់ទេ មិនមែនអ៊ីចឹងទេ បាទ !»។
ដើម្បីជាជំនួយគំនិតចំពោះ អ្នកជំនាន់ក្រោយ លោក បណ្ឌិត អាំង ជូលាន ធ្វើការផ្ដាំផ្ញើខ្លះៗ ដូចតទៅ៖ «បើយកទៅគិតពិចារណា គិតពិចារណាទៅថា យើងធ្វើអីម្នាក់ៗ ជាការធម្មតាទេ ដែលយើងសម្លឹងឃើញប្រយោជន៍ផ្ទាល់ខ្លួនណា៎ បើមិនអ៊ីចឹងយើងរស់ម៉េចនឹងកើត ។ ជាការធម្មតាទេ ប៉ុន្តែបើសិនជាយើងបានធ្វើអីដែលមានប្រយោជន៍ដល់អ្នកដទៃ អាហ្នឹងយើងធ្វើបានត្រឹមណា យើងវាគួរតែធ្វើអ៊ីចឹងទៅណា៎ ព្រោះភ្នែកគេពីក្រៅគេមើលមកវាឃើញអ៊ីចឹង ហើយប្រទេសជាតិក៏វាត្រូវការរបៀបហ្នឹង»។
លោក បណ្ឌិត អាំង ជូលាន មានប្រសាសន៍បន្ថែមថា លទ្ធផលជ័យលាភី ដែលលោកទទួល ត្រូវបានគេប្រកាសកាលពីខែកក្កដា ឆ្នាំ២០១១។ នៅក្នុងពិធីមួយនារាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១១ លោកបានទទួលលិខិតបញ្ជាក់ពីប្រទេសជប៉ុនស្ដីពីការទទួលបានពានរង្វាន់ ហើយលោកនឹងត្រូវអញ្ជើញទៅទទួលពានរង្វាន់ក្នុងពិធីប្រទានជាផ្លូវការនៅទីក្រុង ហ៊្វូគូអូកា (Fukuoka) ពីព្រះរាជបុត្រនៃព្រះចៅអធិរាជជប៉ុននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១១៕
- បញ្ជាក់៖ លោកសាស្រ្តាចារ្យអាំង ជូលាន ជាបុគ្គលខ្មែរទី២ ដែលទទួលរង្វាន់នេះ បន្ទាប់ពីលោកព្រឹទ្ធាចារ្យ ឆេង ផុន ដែលទទួលបាននៅឆ្នាំ១៩៩៧។
ឯកសារយោង
[កែប្រែ]- មនុស្ស និងដី ដោយវិទ្យាស្ថានរៃយំ
- http://www.rfa.org/khmer/indepth/ang_choulean_receive_japanese_fukuoka_grand_prize-08092011120657.html[តំណភ្ជាប់ខូច]
- ↑ គេហទំព័រអាស៊ីសេរី